មិត្តលាភ mitleap.com

ឆាយ

ជីវៈ​ឥន្ធនៈ៖ យុវតី​​វិទ្យាល័យ​​​​ខ្មែរ​​ទទួល​​បាន​ពា​ន​រង្វាន់​​ពិភព​​លោក​​ចំនួន​បី

ដោយ រស់ ឌីណា Ka-Set
០៥-០៥-២០០៩

ភ្នំពេញ (កម្ពុជា) ថ្ងៃទី២៨ មេសា ២០០៩៖ កញ្ញា សំអាង ម៉ានីន ជ័យលាភីលើការប្រកួតប្រជែងផ្នែកវិទ្យាសាស្រ្តអន្តរជាតិ © វណ្ឌី រតនា

«ខ្ញុំ​យក​ឈ្នះលើ​​យុវនារី​អាមេរិក​ម្នាក់!»៖ កញ្ញា​សំអាង ម៉ានីន អ្នក​រស់​នៅ​ទីក្រុង​ភ្នំពេញ អាយុ​១៦​ឆ្នាំ បាន​ទទួល​ជ័យលាភី​​កំរិត​មេដាយមាស​ នៅក្នុង​​ការ​​ប្រកួត​ប្រជែង​អ្នក​​វិទ្យាសាស្រ្ត​​វ័យ​ក្មេង ឆ្នាំ​២០០៩ (I-Sweeep ២០០៩) សម្រាប់​គម្រោង​ផលិត​ជីវៈឥន្ធនៈ​​ ចំរាញ់ចេញ​ពី​ប្រេង​ល្ហុង​​ខ្វង ស្រប​ពេល​ដែល​គម្រោង​ដូច​គ្នាមួយ​របស់​សិស្ស​វិទ្យាល័យ​សហរដ្ឋ​អាមេរិក​ ម្នាក់​បាន​​ទទួល​ពាន​រង្វាន់​ «កំរិត​មេដាយ​ប្រាក់»។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នៅ​ក្នុង​ការ​ប្រកួត​​​វិទ្យាសាស្រ្ត​​​​អន្តរ​ជាតិ​នេះ កញ្ញា​ថែម​ទាំង​បាន​ទទួល​អាហារូបករណ៍​សិក្សា​នៅ​បរទេស និង​ពាន​​រង្វាន់​ពិសេស​មួយ​របស់​សហគ្រាស​អាមេរិក​។ ដូចនេះ មាន​ន័យ​ថា​កញ្ញាម៉ានីន ​​ទទួល​បាន​ជោគ​ជ័យ​​​​ល្អ​ប្រសើរ​ជាង​ជ័យលាភី​​កម្ពុជា​លើក​មុន ដែល​បានទទួល​មេដាយ​ប្រាក់​​នៅ​​ការ​ប្រកួត​អ្នក​វិទ្យាសាស្រ្ត​វ័យ​ក្មេង​ ឆ្នាំ​២០០៨ («Energie Senior») សម្រាប់​ការ​ផលិត​ប្រេង​ឥន្ធនៈ​ចំរាញ់​ចេញ​ពី​ផ្លែ​ដូង។

ជ័យ​លាភី​៣ពាន​រង្វាន់
កញ្ញា ​សំអាង ម៉ានីន ​បាន​លឺគេ​ហៅឈ្មោះ​របស់​ខ្លួន​ចំនួន​៣លើក នៅក្នុង​សាល​ប្រជុំ Conventional Hall នៃទីក្រុង ហស់ស្តុន (Houston) ​រដ្ឋ​តិចសាស នៅក្នុង​ការ​ប្រកួត​​ប្រជែង​​ពាន​​រង្វាន់ I-Sweeep ដែល​ត្រូវ​បាន​រៀប​ចំ​ជា​រៀង​រាល់​ឆ្នាំ​ [ I-Sweeep គឺ​ជា​ការ​ប្រកួត​អូឡាំព្យាដ​​អន្តរ​ជាតិ ស្តីពី​ថាមពល មេកានីច និង​បរិស្ថាន សំដៅស្វែង​រក​ និង​លើក​ទឹកចិត្ត​អ្នក​​វិទ្យាសាស្រ្ត​វ័យ​ក្មេង​នៅ​ទូទាំង​ពិភព​លោក]។ មុនដំបូង​ យុវតី​​កម្ពុជា​រូប​នេះ​ត្រូវ​បាន​គណៈមេប្រយោគ​​នៃ​សាកល​វិទ្យាល័យ Fatih ប្រកាស​ឈ្មោះ​​ជា​អ្នក​ទទួល​បាន​ជ័យ​លាភី​​អាហារូបករណ៍សិក្សា​នៅ​ សាកលវិទ្យាល័យនៃ​ប្រទេស​ទួរគី​​នេះ​ រយៈ​ពេល​៤​ឆ្នាំ​ លើ​ផ្នែក​វិទ្យាសាស្រ្ត​​។ បន្ទាប់​មកទៀត កញ្ញា​ត្រូវ​បាន​ហៅឡើង​ទទួល​ជ័យលាភី​មេដាយ​មាស​ផ្នែក​ថាមពល​​ថ្មី ដែល​ពាន​រង្វាន់​នេះ​ភ្ជាប់​ជាមួយ​នូវ​ទឹក​ប្រាក់​១ពាន់​ដុល្លារ។ ជា​ចុង​ក្រោយ កញ្ញា​ម៉ានីន បាន​ទទួល​ពាន​រង្វាន់​នៃការ​ផ្តួច​ផ្តើម​គំនិត​ថ្មី​ក្នុងការ​ដោះ​ស្រាយ​ ប្រើប្រាស់​ថាម​ពល​ ផ្តល់​​ដោយ​សហគ្រាស​ឯក​ជន​ Ege Construction។​

សំអាង ​ ម៉ានីន សិស្ស​ពូកែ​មួយរូបមក​ពី​វិទ្យាល័យ​ឯក​ជន​មួយ នៅ​ទីក្រុង​ភ្នំពេញ បាន​រៀប​រាប់​ បែប​ចំអក​ចំអន់​លេង​ថា «នៅ​ពេល​ខ្ញុំ​ទទួល​ពានរង្វាន់​ទី១ មិន​សូវ​ជា​មាន​ស្នូរ​ទះដៃ​ច្រើន​​​​នោះទេ ព្រោះ​ជន​ជាតិ​​កម្ពុជា​មាន​វត្តមាន​នៅទីនោះ​តិច​ណាស់។ ប៉ុន្តែ នៅ​ពេល​ខ្ញុំ​ត្រូវ​បាន​​ហៅ​ឡើង​ទទួល​ពាន​រង្វាន់​ជា​បន្ត​បន្ទាប់ អ្នក​ចូល​រួម​មក​ពី​ប្រទេស​ផ្សេងៗ​បាន​សំដែង​ការ​​អប​អរ​សាទរ​យ៉ាង​កក់​ ក្តៅ!»។ ទោះបី​ជា​មេដាយ​នៅក្នុងការ​ប្រកួត​ប្រជែង​នេះ​មាន​ច្រើន​ក៏​​ដោយ (នៅក្នុង​ផ្នែក​ Energie Senior របស់​ម៉ានីន សិស្ស​វិទ្យាល័យ​៨នាក់​ផ្សេង​ទៀត​បាន​ទទួល​មេដាយ​មាស) គ្មាន​អ្នក​ចូលរួម​ប្រកួត​​​​ណាមួយ​មាន​កិត្តិយស​ទទួល​បាន​​ពាន​រង្វាន់​​បី ​តែ​ម្នាក់​ឯង​​ដូច​ម៉ានីន​ឡើយ។

ភាព​ហ្មត់​ចត់​នៅក្នុង​ការ​ងារស្រាវ​ជ្រាវ​
នៅ ​ពេល​ត្រឡប់​មក​ទីក្រុង​ភ្នំពេញ​វិញ ម៉ានីន​កាន់តែ​​មាន​សេចក្តី​ត្រេក​អរ​ចំពោះ​ជ័យ​ជំនះ​របស់​​ខ្លួន ព្រោះ​កញ្ញា​ស្ទើរ​តែ​បោះ​បង់​ចោល​ការ​ប្រកួត​​នេះទៅហើយ នៅរយៈ​ជិត​​ពីរ​សប្តាហ៍ មុន​​ការ​​ធ្វើ​ដំណើរ​​​ទៅកាន់​រដ្ឋ​តិចសាស់។​ ម៉ានីន​​បាន​ចំណា​យ​ពេលវេលា​ទាំង​ថ្ងៃ ​ទាំង​យប់ លើ​​គម្រោង​​​​​ស្រាវ​ជ្រាវ​របស់​ខ្លួន​ រហូត​ដល់​ភ្លេច​បាយ​ ភ្លេច​ទឹក មិន​មាន​ពេលវេលា​ដើរ​​លេង​កម្សាន្ត​...។ ប៉ុន្តែ រូបមន្ត​ជីវៈឥន្ធនៈ​ចំរាញ់​​ចេញ​ពី​ផ្លែល្ហុង​ខ្វង​​របស់​ម៉ានីន​មិន​ទទួល​ បាន​ជោគ​ជ័យ​សោះ​...។ លោក​ស្រី​វេជ្ជបណ្ឌិត ហេង ចាន់លីដា ដែល​ជា​ម្តាយ​របស់​ម៉ានីន បាន​រម្លឹក​ថា នៅ​រយៈ​ពេល​​១០​ថ្ងៃ​មុន​ការ​ប្រកួត លោក​ស្រី​បាន​សុំ​អោយ​កូន​បោះ​បង់​ការ​ប្រកួត។ យុវតី​សំអាង​ ម៉ានីន បាន​រៀប​រាប់ទាំង​អារម្មណ៍​​រីក​រាយ​​ថា «ខ្ញុំ​បាន​​ចំណាយ​ពេល​ធ្វើការ​ស្រាវ​ជ្រាវ​លើ​​គម្រោង​នេះ អស់​រយៈពេល​ជិត​​​៣ខែ​មកហើយ ហើយ​​នៅ​រយៈ​ពេល​នោះ ខ្ញុំ​​បាន​​ជួប​នឹង​បរាជ័យ ច្រើន​​ជាង​ជោគជ័យ។ រូប​មន្ត​ដែល​​​ខ្ញុំ​ស្វែង​រក​នៅ​លើ​អ៊ីន​ធឺណែត មិន​មាន​​ភាព​​ពេញ​លេញ​គ្រប់​​គ្រាន់​សម្រាប់​សម្រេច​ជោគ​ជ័យ​​នោះទេ។ ខ្ញុំ​ត្រូវ​ស្វែង​​​រក​​ធាតុ​ផ្សំ​​បន្ថែម ​​ពី​ត្រង់​នេះ​បន្តិច ត្រង់​នោះ​បន្តិច មក​គួប​ផ្សំ​គ្នា...។ ដើម្បី​​​​ផលិត​ជីវៈឥន្ធនៈ​​របស់​ខ្ញុំ​​អោយ​​សម្រេច​បាន​ជោគជ័យ ខ្ញុំ​បាន​គួប​រូប​មន្ត​ផ្សេងៗ​​បញ្ជូល​គ្នា ខ្ញុំ​ធ្វើការ​​ងារ​នេះ​ដោយ​​​ការ​ព្យាយាម​​​និង​​ហ្មត់​ចត់បំផុត ហើយខ្ញុំ​បាន​សុំ​ដំបូន្មាន​មួយ​​ចំនួន​ពី​សាស្រ្តា​ចារ្យ​​​គីមីវិទ្យា​ របស់​ខ្ញុំ​»។ អ្នក​វិទ្យាសាស្រ្ត​វ័យ​ក្មេង​រូប​នេះ​បាន​រៀប​ចំ​ឧបករណ៍ និង​សម្ភារៈ​ពិសោធន៍​​ផ្ទាល់​ខ្លួន ដោយ​​​មានការ​ជួយ​ជ្រោម​ជ្រែង​ពី​ឪពុក​ និង​ឪពុក​​ធំ​​របស់​​កញ្ញា។

នៅ​ទីក្រុង​ភ្នំពេញ យុវតីវិទ្យាល័យ​រូប​នេះ​​បាន​ទទួល​ការ​ជួយជ្រោម​ជ្រែង​យ៉ាង​កក់​ក្តៅ​ពី​​ សំណាក់​គ្រួសារ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ នា​ង​ត្រូវ​ឡើង​ការពារ​គម្រោង​របស់​ខ្លួន​តែ​ម្នាក់​ឯង នៅ​ក្នុង​ការ​ប្រកួត​អូឡាំព្យាដ ក្នុងចំណោម​បេក្ខជន​ចូលរួម​ប្រកួត​ចំនួន​១ ២០០នាក់ ​មកពី​៦០​ប្រទេស និង​នៅ​ចំពោះមុខ​​​គណៈមេប្រយោគ​មិនតិច​ជាង​២១៦នាក់ ដែល​តំណាង​អោយ​សាកល​វិទ្យាល័យ និង​សហគ្រាស​សហរដ្ឋ​អាមេរិក និង​​​បរទេស។ នៅ​អំឡុង​រយៈ​ពេល​៦​ម៉ោង​ កញ្ញា ម៉ានីន បានរៀប​ចំ​ឧបករណ៍​របស់ខ្លួន ត្រៀម​លក្ខណៈ​ឆ្លើយ​ទៅ​នឹង​សំណួរ​របស់​​​មេប្រយោគ។ អ្នក​វិទ្យាសាស្រ្ត​វ័យ​ក្មេង​រូប​នេះ​បាន​រៀប​រាប់​ថា «មេ​ប្រយោគ​​អាច​ឡើង​មក​សួរ​សំណួរតែ​ម្នាក់ឯង រឺ​ជា​ក្រុម ដែលមាន​គ្នា ពី២ ទៅ​៤នាក់។ ខ្ញុំ​​មាន​រយៈ​ពេល​៧ ទៅ​ដប់​​នាទី ដើម្បី​បង្ហាញ​គម្រោង​របស់​ខ្ញុំ។ បន្ទាប់​ មេប្រយោគ​​​ចាប់​ផ្តើម​សួរ​សំណួរ​ខ្ញុំ​ ដោយ​សេរី​ ក្នុង​រយៈ​ពេលចន្លោះ​២០ ទៅ​៣០នាទី!»។

ដំណើរការ​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ
សម្រាប់ ​ម៉ានីន ការងារ​លំបាកបំផុត​ត្រូវ​បាន​ធ្វើ​រួច​រាល់​អស់​ហើយ។ កញ្ញា​បាន​គូស​បញ្ជាក់​ថា «ខ្ញុំ​មានទំនុកចិត្ត​លើ​ខ្លួនខ្ញុំ ​ព្រោះ​គម្រោង​របស់​ខ្ញុំ​មាន​ភាព​​ច្បាស់លាក់ណាស់​​។ នៅ​អំឡុង​​​រយៈពេល​ស្រាវ​ជ្រា​វ​៣ខែ​របស់ខ្ញុំ ខ្ញុំ​ស្គាល់​រស​ជាតិ​បរាជ័យច្រើន​ជាង​រស​ជាតិ​ជោគ​ជ័យ»។ ដូចនេះ សិស្ស​វិទ្យាល័យ​រូប​នេះ​មិន​​មាន​ការ​លំបាក​ក្នុងការ​ពន្យល់​ប្រាប់​អំពី​ រូប​មន្ត​ផ្សំ​​នៃ​ជីវៈឥន្ធនៈ​របស់​ខ្លួន​នោះទេ។ កញ្ញា​អាច​ផលិត​​ប្រេង​ឥន្ធនៈ​ ​មួយលីត្រ សម្រាប់​គ្រាប់​​​ល្ហុង​ខ្វង​ ទម្ងន់​​​​​៣គីឡូក្រាម​។ សម្រាប់​ដំណើរការ​ផលិត​ប្រេង​ឥន្ធនៈ ជា​បឋម ម៉ានីនបាន​​​បំលែង​គ្រាប់​ល្ហុង​ខ្វង​ជា​ប្រេង​ រួចទុកច្រោះ​ចោលរយៈពេល​៣ ទៅ​៥​ថ្ងៃ។ ក្រោយមក នាង​ទទួល​សូលុយស្យុង​មួយ ដែល​មាន​កំហាប់ខ្ពស់ ហើយ​នាង​ត្រូវ​យក​កករ​ចេញ​ពីសូលុយ​ស្យុង​នោះ​ ដូច​ជា​ករណី​ប្រេង​ឥន្ធនៈ​ផលិត​ចេញ​ពី​ប្រេង​រុក្ខជាតិ​ដែរ ដើម្បី​​អាច​ប្រើ​ប្រាស់​ជាមួយ​ម៉ាស៊ីន​​ប្រើ​ប្រេង​ម៉ាស៊ូត​ធម្មតា​។​ «ប្រសិន​ជា​ខ្ញុំមាន​ឱកាស​បន្ត​ការ​ស្រាវ​ជ្រាវ​ទៀត ខ្ញុំ​សង្ឃឹម​ថា​​នឹង​អាច​កាត់​បន្ថយ​កំហាប់ ដែល​មាន​កំរិត​ខ្ពស់ ដែល​មាន​នៅ​ក្នុង​​ជីវៈឥន្ធនៈ​នេះ​​បាន​ (ជា​ទូទៅ វា​មាន​​​ពី​១០ ទៅ​៣០%)»។​

ម្តាយ​របស់​កញ្ញា​ម៉ានីន បាន​រៀប​រាប់​ថា កាល​ពី​ក្មេង ម៉ានីន​ចូលចិត្ត​មើល​រឿង​មនុស្ស​យន្ត​ និង​ពិភព​​ចម្លែកៗ ហើយ​សព្វ​ថ្ងៃ​នេះ គាត់​មាន​មោទនចំពោះ​កូន​​ស្រី​របស់​គាត់ ដែល​ចូល​ចិត្ត​រៀន​សូត្រ​ធ្វើ​ជា​បញ្ញវន្ត ​មិន​ភ្លើត​ភ្លើន​នឹង​គ្រឿង​អលង្ការ និង​សំលៀក​បំពាក់​ហ៊ឺហារ​​។ ដោយ​​ឡែក សំអាង ​ម៉ានីន បាន​​បញ្ជាក់​​​ថា នាង​ត្រៀម​លក្ខណៈ​ស្វែង​យល់​អំពី​​ពិភព​លោក​។ នាង​នឹង​​​​បន្ត​ការ​សិក្សា​​នៅ​បរទេស អាច​នៅ​ប្រទេស​ទួរគី រឺ​សហរដ្ឋ​អាមេរិក​។ នាង​នឹង​ធ្វើការ​ផ្សព្វផ្សាយ​​អំពី​ប្រទេស​កម្ពុជា​ ​អោយ​ពិភពលោក​បាន​ស្គាល់​​។​ ម្យ៉ាង​វិញ​ទៀត​ នាង​​ត្រូវ​ការ​អោយ​​យុវជន​រួម​ជាតិ​ធ្វើការ​ប្រកួត​​​ប្រជែង​ ​​ដូច​ជា​រូប​នាង ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ទាំង​៣​នេះ។​ សំអាង ម៉ានីន​​បាន​ធ្វើការ​សន្និដ្ឋាន​ចុង​ក្រោយ​​​ថា «ប្រសិនជា​យើង​មិន​ខិត​ខំ​ប្រឹងប្រែង​នោះ​ទេ យើង​ក៏មិន​អាច​សម្រេច​គោលដៅ​របស់យើង​បាន​ដែរ»។

បញ្ចេញ​វិចារ

សមាជិក​របស់​ក្រុម​ មិត្តលាភ mitleap.com ទើប​តែ​មាន​សិទ្ធ​បញ្ចេញ​វិចារ !

Join មិត្តលាភ mitleap.com

សង្ហាណាស់, Sangha Nass វិចារ​របស់ សង្ហាណាស់, Sangha Nass ថ្ងៃ ឧសភា 7, 2009 វេលា 8:18pm
សួស្តី កញ្ញាម៉ានីន,
ខ្ញុំ សូមប្រកាស់ជាឧឡាឫកដល់បណ្តាប្រិយមិត្ត ស្រី ប្រុស ទាំងក្នុងប្រទេស និង ក្រៅថា ជោគជ័យដ៏ឧត្តុង
ឧត្តមរបស់ម៉ានីន ដែលជាសក្ខីភាពដ៏ប្រត្យក្រ ដែលខ្មែរយើងពុំធ្លាប់មានមួយដងមួយកាលណាឡើយក្នុងការ
ឆ្លងផុតសង្គមទាំង៥រួចមក ។ ដំណឹងដែលកម្ររមាននេះ​ ខ្ញុំបាទ, ​ លោក លោកស្រី ក្នុង មិត្តលាភ​សូមថ្លែងនូវ
អំណរគុណដ៏ជ្រាលជ្រៅចំពោះ ស្នាដៃដ៏វិសេសវិសាល របស់នាងកញ្ញា ម៉ានីន ដែលទទួលបានចំណាត់ថ្នាក់
លេខ១ មេដៃមាស ក្នុងការប្រឡងប្រជែងជាសកល ស្តីពី ជីវៈ​ឥន្ធៈ ។ លើសពីនេះទៅទៀត ជាសក្ខីភាពដ៏អស្ចារ្យ និងជាការលើកកម្ពស់ព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែមានកេរ្តិឈ្មោះបោះសម្លេងក្នុងបណ្តាប្រទេសលើសកល
លោកនាបច្ចុប្បន្នតំណររៀងទៅ ៕
អរគុណ
Samady KS វិចារ​របស់ Samady KS ថ្ងៃ ឧសភា 7, 2009 វេលា 10:26am
ហ្ហ៊ឺ......​ពេល​អាន​ហើយ​មាន​អារម្មណ៏​ថា​ដូច​ជា​ខ្មាស់​ដល់​ហើយ​ខ្ញុំ,​ព្រោះ​អី​​កាល​ខ្ញុំ​នៅ​រៀន មុខវិជ្ជា​ដែល​អន់​ជាង​គេ​គឺ គីមីវិទ្យា និង​រូប​វិទ្យា ហ្នឹង​ឯង...
CHHAYA ឆាយ៉ា វិចារ​របស់ CHHAYA ឆាយ៉ា ថ្ងៃ ឧសភា 6, 2009 វេលា 5:08pm
1
ចង់ដឹងចង់លឺចង់អានអោយបានរីកមុខរីកថ្លើមក៏វាមានពីរសណ្ថានដែរ
អ្នកខ្លះបានសប្បាយរីករាយ រីកមុខរីកថ្លើមតែជាមួយដំណឹងល្អៗ ត្រង់ណាបានសុខបានរីកចំរើន
អ្នកខ្លះកម្មក្រាស់ បានសប្បាយរីករាយ រីកមុខរីកថ្លើមតែជាមួយដំណឹងចោលម្សៀត
អាត្រង់ណាមានគេសម្លាប់គ្នាងាប់ គេហីនហោចខ្លោចផ្សា កាប់ចាក់ទាត់ធាក់គ្នា
លឺគេជេរប្រទេចបណ្តាសសាគ្នាទើបបាយបានសំរានលក់ ។
ឧិ! បាបកម្មអើយ គួរអោយអាណិតណាស់ ជនជំពូកនោះ !
1
វ៉េង-Veng វិចារ​របស់ វ៉េង-Veng ថ្ងៃ ឧសភា 6, 2009 វេលា 10:08am
ក្នុងនាមជាខ្មែរម្នាក់ ពិតជាមានមោទនភាពណាស់ ដែលយុវនារីវ័យក្មេងម្នាក់ អាចដណ្តើមជ័យជំនះលើ សិស្សបរទេស នៃប្រទេសជឿនលឿន។

បណ្តាញព៌តមានគេផ្សាយទាំង អាក្រក់ និងទាំងល្អ។ ហេតុនេះ អ្នកដែលគេចូលចិត្តដឹង គឺត្រូវដឹងទាំងល្អ និងអាក្រក់ មិនមែនដឹងតែរឿងល្អរហូតទេ។ បើអញ្ចឹង ដូចជាមិនត្រូវការនគរបាល សំរាប់ការពារសន្តិសុខទេ..?
CHHAYA ឆាយ៉ា វិចារ​របស់ CHHAYA ឆាយ៉ា ថ្ងៃ ឧសភា 6, 2009 វេលា 8:12am
អរគុណ ឆាយ
ដំណឹងបែបហ្នឹងហើយដែលខ្មែរយើងចង់ដឹងចង់លឺចង់អាន
អោយបានរីកមុខរីកថ្លើម ណា៎ឆាយ ។

© 2010   Created by ឆាយ on Ning.   Create a Ning Network!

ផ្លាក  |  ទំនាក់ទំនង​ពេល​មាន​បញ្ហា  |  ភាពឯកជន  |  Terms of Service